CMAរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៤ដើម្បីជ្រើសរើស ប្រធានថ្មី

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២៤ (Annual General Assembly 2024) ក្នុងគោលបំណងធ្វើវឌ្ឍនភាព និងបូកសរុបសមទ្ធិផលសម្រេចបានក្នុងឆ្នាំ ២០២៣ ក៏ដូចជាដាក់ចេញទិសដៅការងារ រួមទាំងផែនការ សកម្មភាពសំខាន់ៗរបស់សមាគម ដែលគ្រោងនឹងអនុវត្តក្នុងឆ្នាំ ២០២៤។

ទន្ទឹមនឹងនេះ មហាសន្និបាតប្រចាំឆ្នាំ ក៏ត្រូវបានរៀបចំឡើង ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹ​ក្សាភិបាល សមាគមសម្រាប់អាណត្តិថ្មី ឆ្នាំ ២០២៤-២០២៥ ក្នុងគោលដៅបន្តដឹកនាំ អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

ថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី១៦ កុម្ភៈ អតីតប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន បានលើកឡើងថា ក្នុងកំឡុងឆ្នាំ២០២៣ សមិទ្ធផលសំខាន់ៗដែលសមាគមសម្រេចបានសម្រាប់វិស័យ រួមមាន ការបង្កើតក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វិធានផ្តល់ឥណទាន ស្តង់ដារ​កិច្ចសន្យា​ឥណទាន និងខចែង​ស្តង់ដារ​កិច្ចសន្យា​ឥណទាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះ សមាគមក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការពង្រឹង​សមត្ថភាព​ថ្នាក់គ្រប់គ្រង ​របស់គ្រឹះស្ថាន​ហិរញ្ញវត្ថុ កម្មវិធី​​បណ្តុះ​បណ្តាល​អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាលស្តីពីកិច្ចការពារអតិថិជន ការដាក់ឱ្យអនុវត្តគម្រោង សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។

លោកក៏បានគូសបញ្ជាក់ដែរថា កិច្ចប្រឹងប្រែងទាំងនេះនឹងមិនអាចសម្រេចបាន ដោយជោគជ័យឡើយ បើគ្មានការចូលរួមចំណែក និងកិច្ចសហការយ៉ាងល្អពីដៃគូ ភាគីពាក់ព័ន្ធ ជាពិសេសសមាជិកសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីចូលរួមលើកកម្ពស់មុខមាត់របស់វិស័យមីក្រូហិរញ្ញវត្ថុ ប្រកបដោយស្ថិភាព និងនិរន្តរភាព។

កម្មវិធីនេះ មានការអញ្ចើញចូលរួមពីថ្នាក់ដឹកសមាគម រួមមាន សមាជិកក្រុមប្រឹក្សាភិបាល តំណាងមន្រ្តីជាន់ខ្ពស់ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធសរុបប្រមាណ១១២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here