កម្ពុជា ជប៉ុនកាន់តែខិតជិតគ្នាដើម្បីសម្រេចបាននូវសមិទ្ឋផលរួម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកអ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋ​ទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 27th Cambodia-Japan Joint Committee Meeting)។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគ នៅកម្ពុជាជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននាឱកាសនេះ អង្គពិធីបានជជែកពិភាក្សាយ៉ាងផុសផុល លើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម និងធនធានមនុស្ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោ​គិនជប៉ុនទាំងអស់ ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន នៅកម្ពុជាជាបន្តបន្ទាប់។ បន្ថែមក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជន បានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្ម​ណ៍ ក្នុងនាមជាសហប្រធានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី២៧នេះ។ លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរអំពីការប្រារព្ធនូវព្រឹត្តិការណ៍ជាច្រើនក្នុងខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន កាលពីឆ្នាំ២០២៣កន្លងទៅនេះ។

ឯកអគ្គរដ្ឋទូតជប៉ុន ក៏បានបង្ហាញអារម្មណ៍រំភើប ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន កាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនជាច្រើន ព្រមទាំងបានលើកឡើងនូវគំនិតផ្ដួតផ្ដើមថ្មី រៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលនេះបង្ហាញ អំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនមកពីប្រទេសជប៉ុន។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយ នៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា។

តាមរយៈការចុះហត្ថលេខា រវាងសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងលោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះ ក៏ត្រូវបានប្រារព្វរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here