ការហក់ឡើងខ្ពស់លើតម្លៃលំនៅដ្ឋានបង្ខំឱ្យប្រជាជនកូរ៉េខាងត្បូង សម្រុកចាកចេញពីទីក្រុងសេអ៊ូល

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Korea Times បានចុះផ្សាយថា ចំនួនប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល បានធ្លាក់ចុះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារតែកត្តាតម្លៃលំនៅដ្ឋាន ហក់ឡើងខ្ពស់កប់ពពក។

យោងតាមទិន្នន័យដែលចងក្រង ដោយការិយាល័យស្ថិតិ Statistics Korea បង្ហាញថា ចំនួនប្រជាជន ដែលបានចាកចេញពីទីក្រុងសេអ៊ូល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទៅកាន់ទីក្រុង ឬខេត្តផ្សេងទៀត ដូចជាខេត្ត Busan ខេត្ត Incheon និងខេត្ត Gyeonggi មានចំនួនប្រមាណ៥,៤៧លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលចំនួនប្រជាជន ដែលផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីសេអ៊ូលមានចំនួន៤,៦១លាននាក់ ក្នុងអំឡុងពេលដូចគ្នានោះ ដូច្នេះ បើយោងតាមការគណនាបានរកឃើញថា ទីក្រុងសេអ៊ូលបានជួបប្រទះលំហូរចេញសុទ្ធនៃប្រជាជន(Net outflow)ចំនួន៨៦១.០០០នាក់ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

ប្រជាជនកូរ៉េខាងត្បូងប្រហែល១,៧៤លាននាក់ បានលើកឡើងថា ហេតុផលចម្បងដែលស្ថិត នៅពីក្រោយការធ្វើចំណាកស្រុករបស់ពួកគេចេញពីទីក្រុងសេអ៊ូល គឺកត្តាតម្លៃលំនៅដ្ឋានហក់ឡើងខ្ពស់កប់ពពក។

ប្រជាជនទាំងនោះអះអាងថា ពួកគេបានសម្រេចចិត្តចាកចេញពីទីក្រុងសេអ៊ូល បន្ទាប់ពីបានទិញលំនៅដ្ឋាននៅកន្លែងផ្សេង ឬកិច្ចសន្យាជួលរបស់ពួកគេផុតកំណត់ ហើយពួកគេបានរកឃើញកន្លែងរស់នៅថ្មីនៅខាងក្រៅទីក្រុង។

យោងតាមក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ (REB) បានឱ្យដឹងថា តម្លៃអាផាតម៉ិនជាមធ្យម នៅទីក្រុងសេអ៊ូល គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំមុន មានចំនួន១០.៤៩៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា ប្រជាជនកូរ៉េត្រូវមានប្រាក់៨៦៥.១១០ដុល្លារ ទើបអាចទិញបានអាផាតម៉ិនទំហំ៨២ម៉ែត្រការ៉េ។

តម្លៃអាផាតម៉ិន ជាមធ្យមនៅក្នុងទីក្រុងសេអ៊ូល គឺមានកម្រិតខ្ពស់ជាងតម្លៃអាផាតម៉ិន ដែលមានទំហំដូចគ្នានៅក្នុងខេត្ត Gyeonggi ឬខេត្ត Incheon ចំនួន២ដង ។

យោងតាមទិន្នន័យពី វិបផតថលអចលនទ្រព្យR114 បានបង្ហា​ញថា តម្លៃអាផាតម៉ិនជាមធ្យម នៅក្នុងទីក្រុងសេអ៊ូលបានកើនឡើង១៤៤ភាគរយ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ ប្រជាជនភាគច្រើន ដែលចាកចេញពីទីក្រុងសេអ៊ូលបានផ្លាស់ប្តូរទីលំនៅ ទៅកាន់តំបន់ជុំវិញ ដូចជា ខេត្ត Gyeonggi និងខេត្ត Incheon ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here