តម្លៃប្រេងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគបានគិតគូរដោយប្រុងប្រយ័ត្នអំពីការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃការលក់រាយរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានសុទិដ្ឋិនិយមអំពីការកាត់បន្ថយអត្រាការប្រាក់។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១១សេន ឬ០,១ភាគរយ មកនៅត្រឹម៨២,៧៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0131 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង១សេនដល់៧៨,០៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការលក់រាយ ដែលរាប់បញ្ចូលទាំងការចំណាយលើទំនិញ និងសេវាកម្មម្ហូបអាហារទាំងអស់បានធ្លាក់ចុះ០,៨% នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,១%។

យោងតាមទិន្នន័យផ្សេងទៀតបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់២,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ ក្រុមអ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៣៥ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈដែលសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែកាលពីថ្ងៃពុធកន្លងទៅ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៣ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,២៥ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite នៅតែបន្តបិទការជួញដូរនៅឡើយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here