តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ ហើយទីផ្សារកំពុងរង់ចាំការអត្ថាធិប្បាយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក ដែលអាចផ្តល់តម្រុយអំពីគោលនយោបាយអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦ភាគរយដល់២០០៤,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់២០១៤,៩ដុល្លារ ក្នុងមួយអោន។

លោក Tai Wong អ្នកវិភាគលោហធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងថា “តម្លៃហាងឆេងមាស បានងើបឡើងថ្លៃវិញដល់កម្រិតលើសពី២.០០០ដុល្លារ ក្នុងមួយអោន ដោយសារការធ្លាក់ចុះនៃការលក់រាយនៅសហរដ្ឋអាមេរិក”។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រាយ ដែលរាប់បញ្ចូលទាំងការចំណាយលើទំនិញ និងសេវាកម្មម្ហូបអាហារទាំងអស់បានធ្លាក់ចុះ០,៨% នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យផ្សេងទៀតបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់២,៩%។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ ក្រុមអ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៣៥ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង២,៤ភាគរយ ដល់២២,៩១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩ភាគរយដល់៨៩៧,៣៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង១,៩%ដល់៩៥២,៤៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here