ក្រុមហ៊ុនចិន Huawei ផ្តួលគូប្រជែងដោយដណ្តើមបានចំណាត់ ថ្នាក់លេខ១មកវិញនៅលើទីផ្សារក្នុងស្រុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Huawei Technologies បានឡើងមកចំណាត់ថ្នាក់លេខ១ ដែលលក់ទូរសព្ទដាច់ជាងគេ ក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ក្នុងរយៈពេល២សប្តាហ៍ដំបូង នៃឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint។

ភាពជោគជ័យលើការលក់របស់ក្រុមហ៊ុនចិន Huawei កំពុងដាក់សម្ពាធកាន់តែខ្លាំង លើការលក់ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនបរទេស ដូចជា Apple និងក្រុមហ៊ុនគូប្រជែងធំៗ នៅក្នុងស្រុកផ្សេងទៀត។

នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន Huawei ដណ្តើមបានចំណាត់ថ្នាក់លេខ១ ត្រឡប់មកវិញ គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម និងបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ក្នុងខែឧសភា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Huawei បានទទួលភាពជោគជ័យយ៉ាងខ្លាំងបំផុត ក្នុងការចេញលក់ទូរសព្ទស្មាតហ្វូន Mate 60 Pro 5G របស់ខ្លួន កាលពីខែសីហា ឆ្នាំមុន ។ ម៉ូដែលនេះ ត្រូវបានដំណើរការដោយប្រព័ន្ធ Kirin 9000S ដែលផលិតឡើងនៅក្នុងស្រុក។

ទោះជាយ៉ាងណាក្តី របាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Counterpoint បានបង្ហាញថា ក្រុមហ៊ុន Huawei នៅតែប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុនApple និងក្រុមហ៊ុនលក់ទូរស័ ព្ទក្នុងស្រុកធំៗ ដែលរួមមានដូចជា Xiaomi  Oppo និង Vivo ដែលបន្តបញ្ចេញម៉ូដែលស្មាតហ្វូនថ្មីៗជាប់ជានិច្ច។

ការកើនឡើងនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅតំបន់ចិនដីគោក នៅដើមឆ្នាំ២០២៤នេះ ពុំមែនជារឿងចៃដន្យឡើយ ស្របពេលដែលការលក់ទូរសព្ទiPhone របស់ក្រុមហ៊ុនគូប្រជែង Apple មានការថយចុះយ៉ាងគំហុកនៅក្នុងត្រីមាសទី៤ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here