តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុក ដែលបង្កើនការព្រួយបារម្ភអំពីតម្រូវការនៅក្នុងប្រទេសមហាអំណាចមួយនេះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៤សេន ឬ០,៤ភាគរយ មកនៅត្រឹម៨១,២៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0135 GMT ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានធ្លាក់ចុះ៣៦សេន ឬ០,៥ភាគរយ មកនៅត្រឹម៧៦,២៨ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់២,៩%។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ ក្រុមអ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

កាលពីថ្ងៃពុធកន្លងទៅ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែ គឺ១០៤,៩៧ពិន្ទុ។ចំណែក នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះបន្តិចមកនៅត្រឹម១០៤,៦៩ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែកាលពីថ្ងៃពុធ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៨០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១៨ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite នៅតែបន្តបិទការជួញដូរនៅឡើយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here