ដោយៈ គង់ ម៉ាលីនណា
បាត់ដំបងៈ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករកម្ពុជា ពាណិជ្ជករថៃ និងម្ចាស់អាជីវកម្មចំនួន២២រូប ដឹកនាំដោយ ឧកញ៉ាលឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញមកដល់ខេត្តបាត់ដំបង។
សភាពាណិជ្ជកម្មខេត្តបាត់ដំបង បាននិងកំពុងដឹកនាំដោយអ្នកឧកញ៉ា ភួ វាសនា។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើទស្សនកិច្ចពាណិជ្ជកកម្ម នៅខេត្តបាត់ដំបងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទស្សនកិច្ចពាណិជ្ជកម្មខាងលើ និងមានកម្មវិធីសំខាន់ដូចជា ទី១ ជំនួបពាណិជ្ជកម្មជាមួយសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទី២ ជំនួបសម្តែងការគួរសមជាមួយរដ្ឋបាល ខេត្តបាត់ដំបង ។ ទី៣. ទស្សនកិច្ចសិក្សា រោងចក្រ-សហគ្រាសសំខាន់ៗ និងតំបន់សក្តានុពលនានា ក្នុងខេត្តបាត់ដំបង។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ខេត្តបាត់ដំបង២០២៤ រៀបចំឡើងមានគោលបំណង លើកកម្ពស់សមត្ថភាពម្ចាស់អាជីវកម្ម ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម នាថ្ងៃអនាគត។
កម្មវិធីនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគារ ប្រៃសណីយកម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក៕








