តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគបានបន្ទាបការរំពឹងទុកនៃការបញ្ចុះគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ក្រោយពីចេញផ្សាយទិន្នន័យអតិផរណា។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៩១,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១ភាគរយ មកនៅត្រឹម២០០៤,៣ដុល្លារ ក្នុងមួយអោន។

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនRJO Futures បានលើកឡើងថា “តម្លៃហាងឆេងមាសកំពុងធ្លាក់ថ្លៃចុះ ដោយសាររបាយការណ៍ទិន្នន័យ CPI របស់សហរដ្ឋអាមេរិក”។

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់២,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ ក្រុមអ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសទាបជាង៥០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចំណែក កាលពីថ្ងៃពុធកន្លងទៅ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែ គឺ១០៤,៩៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,២ភាគរយ ដល់២២,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៩ភាគរយដល់៨៨៨,៥៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង៨,៤%ដល់៩៣៥,៩១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here