កម្ពុជា ឥណ្ឌូនេស៊ីពិចារណាបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រី

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេនបានទទួលជួបពិភាក្សាជាមួយ លោកSanto Darmosumarto ឯកអគ្គរ​ដ្ឋ​ទូតឥណ្ឌូនេស៊ី ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាអភិវឌ្ឍន៍គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ និងពិនិត្យពិចារណាការបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រីភាព Sister Destination ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រីសុខ សូកេន ថ្លែងថា នៅក្នុងដំណើរការឯកភាពគ្នា នឹងពិនិត្យពិចារណាសិក្សា បង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រី កម្ពុជា ឥណ្ឌូនេស៊ីនេះ គឺនឹងជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីឥណ្ឌូនេស៊ីមកកម្ពុជា និងពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ហើយនឹងជំរុញការផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំណេញឲ្យគ្នាទៅវិញទៅមក ក្នុងវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជា បានអនុម័តរួចហើយ ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ម៉ូស្លីម ហើយតាមរយៈការអនុវត្តផែនការនេះ នឹងបង្កើនការទាក់ទាញទេសចរណ៍ម៉ូស្លីមនៅតាមបណ្តាប្រទេសនានា មកទស្សនាកម្ពុជា កាន់តែប្រសើរឡើង”។

នៅក្នុងដំណើរការអនុវត្តយុទ្ធនាការ កម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងយុទ្ធនាការឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប របស់ក្រសួងទេសចរណ៍ លោកSanto Darmosumarto បានបង្ហាញការតាំងចិត្ត នឹងចូលរួមឲ្យបានសកម្មនៅក្នុងដំណើរការអនុវត្តយុទ្ធនាការនេះ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើនការតភ្ជាប់ជើងហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ីឲ្យមានកំណើនឡើងវិញជាដើម។

កាលពីឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិសរុបមកទស្សនាប្រមាណ៥,៤៥លាននាក់ ក្នុងនោះភ្ញៀវទេសចរឥណ្ឌូនេស៊ីមកទស្សនាកម្ពុជា មានប្រមាណជិត១៣ម៉ឺននាក់ និងបានស្ថិតក្នុងលំដាប់ទី៧ បន្ទាប់ពីទេសចរអន្តរជាតិមកពីប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here