តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានរាយការណ៍ថាស្តុកប្រេងឆៅរបស់ខ្លួនបានកើនឡើងច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៩សេន ឬ០,៤ភាគរយ មកនៅត្រឹម៨២,៤៨ដុល្លារក្នុងមួយបារ៉ែល នៅពេលទីផ្សារបើកនៅម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២២សេន ឬ០,៣ភាគរយ មកនៅត្រឹម៧៧,៦៥ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុក នៅក្នុងខែមករា ស្របពេលមានការកើនឡើងនៃថ្លៃស្នាក់នៅ និងការថែទាំសុខភាព។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ អ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជានឹងរង់ចាំរហូតដល់ខែមិថុនា មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metal បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់ប្រហែលជាត្រូវបានពន្យារពេលរហូតដល់ឆមាសទីពីរនៃឆ្នាំនេះ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកបានបង្ហាញពីសញ្ញារឹងមាំខ្លាំងនាពេលថ្មីៗនេះ”។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសទាបជាង៥០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែ គឺ១០៤,៩៦ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ បន្ទាប់ពីអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងមិនអាចបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៨ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៧១ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite នៅតែបន្តបិទការជួញដូរនៅឡើយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះជាង១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here