ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Airports of Thailand (AOT) គ្រោងបោះទុនវិនិយោគសរុបចំនួន៤,៤ពាន់លានបាត (ប្រហែល១២៣,១២លានដុល្លារ) ក្នុងការពង្រីកព្រលានយន្តហោះសុវណ្ណភូមិ។
លោក Kirati Kitmanawat អគ្គនាយករងក្រុមហ៊ុន AoT បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា ការកែលម្អសេវាកម្ម និងសន្តិសុខនៅអាកាសយានដ្ឋានសុវណ្ណភូមិ ត្រូវបានធ្វើឡើង ខណៈអាកាសយានដ្ឋាននេះរំពឹងថា នឹងទទួលបានអ្នកដំណើរសរុប ចំនួន៦៥លាននាក់នៅឆ្នាំនេះ។

លោកបន្តថា ក្រុមហ៊ុន AoT ក៏មានគោលបំណងបង្កើនសមត្ថភាពជើងហោះហើរ របស់ស្ថានីយផ្កាយរណបទី១ (SAT-1) របស់អាកាសយានដ្ឋាន សុវណ្ណភូមិពី៥០ជើងក្នុងមួយថ្ងៃ ដល់១២០ជើងក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរខែខាងមុខ និងបង្កើនដល់៤០០ជើងក្នុងមួយថ្ងៃនៅចុងឆ្នាំនេះ។

យោងតាមលោកអគ្គនាយករងបានឱ្យដឹងថា ការបង្កើននូវសមត្ថភាពរបស់ស្ថានីយSAT-1 នឹងបង្កឱ្យមានភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកដំណើរ និងនាំឱ្យចំនួនអ្នកដំណើរកាន់តែកើនឡើង ដែលការណ៍នេះ នឹងទាក់ទាញអ្នកលក់ដូរជាច្រើន ឱ្យចូលមកបើកហាងរបស់ពួកគេនៅក្នុងព្រលានយន្តហោះ។
លោកបានបង្ហើបបន្ថែមថា ក្រុមហ៊ុន AoT បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍន៍គម្រោង East Expansion របស់ខ្លួន ដែលពាក់ព័ន្ធនឹងការពង្រីកអគារចំណត អ្នកដំណើររបស់អាកាសយានដ្ឋានសុវណ្ណភូមិនៅផ្នែកខាងកើត ដើម្បីអាចទទួលអ្នកដំណើរបាន១៥លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងបណ្តាក់ទុនវិនិយោគ ចំនួន៨ពាន់លានបាតនៅក្នុងគម្រោងនេះ ខណៈដែលការដេញថ្លៃ នឹងចាប់ផ្តើមរៀបចំឡើងនៅក្នុងខែឧសភាខាងមុខ៕







