តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគបានបន្ទាបការរំពឹងទុកនៃការបញ្ចុះគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ក្រោយពីចេញផ្សាយទិន្នន័យអតិផរណា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៣%មកនៅត្រឹម១៩៩២,៥០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៣%ដូចគ្នា មកនៅត្រឹម២០០៥,៦០ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុក នៅក្នុងខែមករា ស្របពេលមានការកើនឡើងនៃថ្លៃស្នាក់នៅ និងការថែទាំសុខភាព។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាខាងលើនេះ អ្នកវិភាគរំពឹងថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជានឹងរង់ចាំរហូតដល់ខែមិថុនា មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metal បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់ប្រហែលជាត្រូវបានពន្យារពេលរហូតដល់ឆមាសទីពីរនៃឆ្នាំនេះ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកបានបង្ហាញពីសញ្ញារឹងមាំខ្លាំងនាពេលថ្មីៗនេះ”។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសទាបជាង៥០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែ គឺ១០៤,៩៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៨ភាគរយ ដល់២២,០៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៨ភាគរយដល់៨៧២,៥៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ៣,១%ដល់៨៦៤,៦៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here