វិស័យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានចំនួន៥.១២ពាន់លានដុល្លារដល់អតិថិជន១.៥៧លានគណនី

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានបង្ហើបឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថេរភាពល្អប្រសើរ ទោះបីជាមិនសូវមានកំណើនគួរឲ្យកត់សំគាល់យ៉ាងណាក្ដី។

ក្នុងនោះតាមរបាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលទិន្នន័យពីគ្រឹះស្ថានធនាគារ បានផ្តល់ឥណទានចំនួន ៥.១២ពាន់លានដុល្លារ ទៅឱ្យអតិថិជនចំនួន ១.៥៧លានគណនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ​ (MDI) ទាំង៤មានចំនួន២.២ពាន់លានដុល្លារ​ ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ២.០១លានគណនី ​គិតក្នុងរយៈពេលដូចគ្នា​។​

លោក កាំង តុងងី បានថ្លែងថា ជារួមក្នុងឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនមានកំណើនគួរឲ្យកត់សំគាល់នោះទេ ហើយនៅរយៈពេល២ត្រីមាសចុងក្រោយនេះ មានការធ្លាក់ចុះបន្ដិចបន្ដួចលើទំហំឥណទាន និងចំនួនអតិថិជន ប៉ុន្ដែវិស័យហិរញ្ញវត្ថុនៅតែរក្សាបាននូវស្ថេរភាពល្អប្រសើរ។

លោកបញ្ជាក់ថា “ការធ្លាក់ចុះនៃទំហំឥណទាននេះ ជារឿងធម្មតា ដោយសារតែបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ដូច្នេះកំណើនឥណទានក៏មានការធ្លាក់ចុះតាមនេះដែរ”។ លោកបន្ថែ​មថា “​ទោះជាយ៉ាងនេះក្ដី បើក្រឡែកមើលទិន្នន័យជារួមឃើញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានតួនាទីសំខាន់ និងមានស្ថេរភា​ពល្អប្រសើរ ដែលនឹងអាចបន្ដផ្ដល់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មិនថាអ្នកមានចំណូលខ្ពស់ ទាប ឬចំណូលមធ្យមនោះទេ”។

ចំពោះសេវាហិរញ្ញវត្ថុ រួមមាន ការផ្ដល់ឥណទាន ការដាក់ប្រាក់បញ្ញើរ, ការទូទាត់ផ្សេងៗ គឺស្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពល រដ្ឋកម្ពុជាចំនួន២១,៥៦៧នាក់ នៅទូទាំងប្រទេសជាមួយនឹងបណ្តាញប្រតិបត្តិការចំនួន៩០៤ការិយាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here