តម្លៃប្រេងបានស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃអង្គារនេះ ដោយសារភាពមិនច្បាស់លាស់អំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងផលប៉ះពាល់លើតម្រូវការប្រេងឥន្ធនៈ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេន មកនៅត្រឹម៨១,៩៩ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង១សេនដល់៧៦,៩៣ដុល្លារក្នុងមួយបារ៉ែល។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metal បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់ប្រហែលជាត្រូវបានពន្យារពេលដល់ឆមាសទីពីរនៃឆ្នាំនេះ ដោយសារទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញពីសញ្ញារឹងមាំខ្លាំងនាពេលថ្មីៗនេះ”។

លោក Everett Millman អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានលើកឡើងថា “ធនាគារកណ្តាលអាមេរិក អាចនឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ដែលមានន័យថា ធនាគារកណ្តាលផ្សេងទៀតក៏ប្រហែលជាមិនទាន់បញ្ចុះអត្រាការប្រាក់ដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីជាច្រើន បូករួមទាំងប្រធានធនាគារ Fed លោក Jerome Powell បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេចង់រកឃើញភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៣ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃ០,០២ភាគរយ ដល់១០៤,១៦ពិន្ទុ នៅថ្ងៃអង្គារ សប្តាហ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈដែលវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលអាចផ្តល់តម្រុយអំពីពេលវេលានៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,១៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានបិទការជួញដូរព្រមគ្នា។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here