តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអតិផរណា និងមតិយោបល់ពីមន្ត្រីធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារមួយនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២%មកនៅត្រឹម២០២០,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣%មកនៅត្រឹម២.០៣៣ដុល្លារ ក្នុងមួយអោន។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metal បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់ប្រហែលជាត្រូវបានពន្យារពេលដល់ឆមាសទីពីរនៃឆ្នាំនេះ ដោយសារទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញពីសញ្ញារឹងមាំខ្លាំងនាពេលថ្មីៗនេះ”។

លោក Everett Millman អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានលើកឡើងថា “ធនាគារកណ្តាលអាមេរិក អាចនឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ដែលមានន័យថា ធនាគារកណ្តាលផ្សេងទៀតក៏ប្រហែលជាមិនទាន់បញ្ចុះអត្រាការប្រាក់ដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីជាច្រើន បូករួមទាំងប្រធានធនាគារ Fed លោក Jerome Powell បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេចង់រកឃើញភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៣ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃ០,០២ភាគរយ ដល់១០៤,១៦ពិន្ទុ នៅថ្ងៃអង្គារ សប្តាហ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦ភាគរយ ដល់២២,៧៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង២,១ភាគរយដល់៨៨៩,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង៣,៤%ដល់៨៨៨,១៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here