តម្លៃប្រេងធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ បន្ទាប់ពីអុីស្រាអែលបានប្រកាសថា ខ្លួនបានបញ្ចប់ការវាយប្រហារជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សាភាគខាងត្បូង ដោយបន្ធូរបន្ថយការព្រួយបារម្ភបន្តិចអំពីការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤៣សេន ឬ០,៥ភាគរយ មកនៅត្រឹម៨១,៧៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិក បានធ្លាក់ចុះ៤៦សេន មកនៅត្រឹម៧៦,៣៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល0135 GMT ។

លោក Everett Millman អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានលើកឡើងថា “ធនាគារកណ្តាលអាមេរិក អាចនឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ដែលមានន័យថា ធនាគារកណ្តាលផ្សេងទៀតក៏ប្រហែលជាមិនទាន់បញ្ចុះអត្រាការប្រាក់ដែរ”។

មន្រ្តីជាច្រើន បូករួមទាំងប្រធានធនាគារ Fed លោក Jerome Powell បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេចង់រកឃើញភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ មុនពេលកាត់បន្ថយអត្រាការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៦,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់ជាង១០៤ពិន្ទុ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ី បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៅថ្ងៃច័ន្ទនេះ ខណៈដែលផ្សារហ៊ុនមួយចំនួននៅតែមិនទាន់បើកការជួញដូរឡើងវិញនៅឡើយ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ក្នុងការជួញដូរនៅព្រឹកសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១ភាគរយនៅពេលបើក ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន  និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានបិទការជួញដូរក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននេះ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងក៏បានបិទការជួញដូរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here