រដ្ឋាភិបាលត្រៀមបម្រុងទុន១០០លានដុល្លារដើម្បីជួយកសិករ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) បាន​បម្រុង​ទុន១០០លាន​ដុល្លារ​ ជា​កម្មវិធី​ហិរញ្ញ​ប្ប​ទាន​ពិសេស​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ទំ​និ​ញ​កសិកម្ម ​នៅក្នុង​រដូវ​ប្រមូល​ផល​សម្រាប់​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់ARDB​។​

អគ្គនាយក​នៃ ARDB លោក កៅ ថាច បានមានប្រសាសន៍ឲ្យដឹងកាលពី​ថ្ងៃទី​ ៧ ​ខែកុម្ភៈ​ថា លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ លើ​ការរៀបចំ​គោលការណ៍​ ហិរញ្ញប្បទាន​ពិសេស ​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​១០០​លាន​ដុល្លារ ដើម្បី​លើកស្ទួយ​ផលិតកម្ម​ក​សិ​កម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​ក​សិ​ផល កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្នាក់ការ​កណ្តាលARDB​។​

លោក​ថ្លែងថា “​កម្មវិធី​ហិរញ្ញប្បទាន​នេះ ជា​វិធានការ​អន្តរាគមន៍​ពិសេស​របស់​រាជរដ្ឋាភិបាល ​ក្នុងការ​ផ្តល់​ជា​ទុន​បង្វិល​ដល់​អតិថិជន​គោលដៅ​”។សម្រាប់​វិស័យ​ស្រូវ​អង្ករ ហិរញ្ញប្បទាន​ពិសេស​នេះ ​មាន​គោលដៅ​ផ្តល់ជូន រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ការប្រមូល​ទិញស្រូវ ដើម្បី​រក្សា​លំនឹង និង​សិ្ថ​រ​ភាព​ថ្លៃ​សំដៅ​បង្កើន​បរិមា​ណ​សន្និធិ​ផ្គត់ផ្គង់ ​ដល់​ការ​​កែច្នៃ​ប្រើប្រាស់​ក្នុងស្រុក សន្តិសុខ​ស្បៀង និង​ការនាំចេញ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកៅ ថាចបានពន្យល់ថា មូលនិធិ​នេះ​គឺ​បាន​ត្រៀម​ទុក​នៅ​ឆ្នាំនេះ​ក្នុង​អាណត្តិ​ទី​៧ ​របស់​រដ្ឋាភិបាល​។ មូលនិធិ​នេះ ត្រូវបាន​បម្រុង​ទុក​ ដើម្បី​បញ្ចេញ​នៅពេល​មានការ​ប្រែប្រួល​តម្លៃ ​ក្នុង​រដូវ​ប្រមូ​ល​ផល​។ រហូតមកដល់​ពេលនេះ យើង​មិនទាន់​បញ្ចេញ​នៅឡើយ​ទេ​​។​លោកឧកញ៉ាសុង សារ៉ន អគ្គនាយក​ក្រុម​ហ៊ុន Amru Rice (Cambodia) Co., Ltd មាន​ទំនុកចិត្ត​ថា ក្រុមហ៊ុននាំចេញ​ជាច្រើន​ដែល​តែង​រាយការណ៍​ ពី​ការខ្វះខាត​ដើមទុន ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​នឹង​អាច​បង្កើន​ការទិញ​ស្រូវ​ពី​កសិករ ដើម្បី​កិនស្រូវ​សម្រាប់​នាំ​​ចេញ​ក៏ដូចជា​ស្តុក​ទុក​។​

លោក​បន្ថែមថា​ “​រដ្ឋាភិបាល​យក​​ចិត្ត​ទុកដាក់​ជានិច្ច ​ក្នុងការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ ដោយសារ​យើង​ធ្លាប់​ជួបប្រទះ ​នឹង​ការខ្វះខាត​ដើមទុន​ក្នុងការ​ទិញស្រូវ​ពី​កសិករ ដែលនាំឱ្យ​មាន​ឧបសគ្គ និង​ការធ្លាក់ចុះ​តម្លៃ​”។

ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៥ ខែមករា បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ ដោយ​គ្រោង​បង្កើត​ទីផ្សារ​លក់ដុំ ​នៅ​ទូទាំងប្រទេស​ជា​វិធានការ​មួយ ​ដែល​ធ្វើឱ្យ​តម្លៃ​មាន​ស្ថិរភាព និង​ពង្រីក​ឱកាស​ទីផ្សារ​សម្រា​ប់​កសិករ ដែលជា​អ្នក​ងាយ​ទទួលរង​គ្រោះ​បំផុត ដោយសារ​ការ​​ទម្លាក់​តម្លៃ​ដោយ​ឈ្មួញកណ្តាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here