តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោល បទឈប់បាញ់ពីក្រុមហាម៉ាស ខណៈដែលកិច្ចពិភាក្សានៅតែបន្តដើម្បីព្យាយាមបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេន ឬ០,២៨ភាគរយ ដល់៧៩,៤៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0132 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិក បានកើនឡើង១៩សេន ឬ០,២៦ភាគរយដល់៧៤,០៥ដុល្លារក្នុងមួយបារ៉ែល។

មន្ត្រីធនាគារ Fed ចំនួនពីរនាក់បានអះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើសេដ្ឋកិច្ចអាមេរិកដំណើរការដូចការរំពឹងទុក នោះធនាគារអាចបើកទ្វារឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែ ការ ប្រយុទ្ធ ប្រឆាំង នឹង អតិផរណា គឺមិន ទាន់ បញ្ចប់នៅឡើយទេ។

យោងតាមរបាយការណ៍មួយបានបង្ហាញកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០ ដែលមានន័យថា អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងយ៉ាងគំហុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានចេញផ្សាយរបាយការណ៍ការងារនេះ អ្នកវិនិយោគមើលឃើញឱកាសកាន់តែតិចតួចជាងមុន ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងពេលឆាប់ៗ ឬខែមីនាខាងមុខ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៩,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៩៩ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨៨ភាគរយ ដល់២២,២០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២,៦១ភាគរយដល់៨៨០,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ៥,៤៣%ដល់៨៩៨,៨៧ដុល្លារក្នុងមួយអោន

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលវិនិយោគិនកំពុងរង់ចាំមើលតម្រុយអំពីការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ ក្នុងការជួញដូរនៅព្រឹកព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០០៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៦៩ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here