ទំហំទឹកប្រាក់នាំចេញពីតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុកើនដល់៣៣០០លានដុល្លារអាមេរិក

        ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ របាយការណ៍បានឲ្យដឹងថា ទំហំនៃការនាំចូល និងនាំចេញឆ្លងកាត់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានកើនឡើងដល់៣,៣៦ប៊ីលានដុល្លារ កាលពីឆ្នាំ២០២៣ កើនឡើង៣៤,៨ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។

ដោយមានការបណ្តាក់ទុនរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា SSEZ គឺជាគម្រោងលេចធ្លោមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រភពដដែល “ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនប្រហែល៧,១៨ ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសកម្ពុជា” ។

តំបន់សេដ្ឋកិច្ចដែលមានទំហំ១១គីឡូម៉ែត្រការ៉េ បានទាក់ទាញការវិនិយោគសរុបចំនួន២,២៧ប៊ីលានដុល្លារ ដោយមានសហគ្រាសសរុបចំនួន១៨០ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍ ព្រមទាំងប្រទេស និងតំបន់ផ្សេងទៀត ដោយបង្កើតការងារប្រហែ​ល៣០,០០០កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

លោកបណ្ឌិតសុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រសាសន៍ថា SSEZ រួមជាមួយនឹងគម្រោងBRIធំៗផ្សេងទៀត បានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ និងការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា។

លោកបានប្រាប់សារព័ត៌មាន Xinhua នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការសាងសង់សួនឧស្សាហកម្មជាច្រើន ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងការពង្រីកការផលិតសំបកកង់រថយន្ត និងរោងចក្រស៊ីម៉ងត៍ បានធ្វើឱ្យកម្រិតឧស្សាហូបនីយកម្មនៅកម្ពុជាកាន់តែប្រសើរឡើង និងបង្កើតការងារ និងចំណូលពន្ធយ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះលោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បាននិយាយថា SSEZ មានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលផ្តល់ភាពងាយស្រួលសម្រាប់ពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក។

លោកបានប្រាប់សារព័ត៌មាន Xinhua កាលពីថ្ងៃចន្ទថា “តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។

លោកបន្តថា តំបន់ឧស្សាហកម្មនេះ រួមជាមួយនឹងគម្រោង BRI ផ្សេងទៀតបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅ ប្រកបដោយមហិច្ឆិតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០”៕

LEAVE A REPLY

Please enter your comment!
Please enter your name here