តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ ដោយសារកំណើនផលិតកម្មប្រេងរបស់ សហរដ្ឋអាមេរិក ត្រូវ បាន គេ រំពឹង ថា នឹង ស្ថិតនៅក្នុងសភាពទ្រឹងរហូត ដល់ ឆ្នាំ២០២៥ ដោយ បន្ធូរបន្ថយ ការ ព្រួយបារម្ភ អំពីការ ផ្គត់ផ្គង់ លើស តម្រូវការ។

តម្លៃប្រេងឆៅ Brent បានកើនឡើង៣៨សេន ឬ០,៥ភាគរយដល់៧៨,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0013 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤១សេន ឬ០,៦ភាគរយដល់៧៣,៧២ដុល្លារក្នុងមួយបារ៉ែល។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០ ដែលមានន័យថាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងយ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានចេញផ្សាយរបាយការណ៍ការងារនេះ អ្នកវិនិយោគសម្លឹងឃើញឱកាសកាន់តែតិចតួចបំផុត ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងពេលឆាប់ៗ ឬខែមីនាខាងមុខ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៩,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១៤ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃពុធនេះ ខណៈដែលវិនិយោគិនរង់ចាំមើលថា តើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការជំរុញទីផ្សារភាគហ៊ុនរបស់ខ្លួនពិតជាអាចនឹងដំណើរការឬយ៉ាងណា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមនិយតកររបស់ប្រទេសចិនបានប្រកាសពីវិធានការទប់ស្កាត់ការលក់ភាគហ៊ុនចេញបន្ថែមទៀត ខណៈអ្នកវិនិយោគបានអះអាងថា ពួកគេកំពុងពង្រីកផែនការទិញភាគហ៊ុន។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៧ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥សប្តាហ៍ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៣៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៧៤ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៥៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here