តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ បន្ទាប់ពីប្រាក់ដុល្លារ ធ្លាក់ថ្លៃចុះ ខណៈពាណិជ្ជករកំពុងរង់ចាំស្តាប់ការអត្ថាធិប្បាយពីមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួននៅសប្តាហ៍នេះ ដើម្បីស្ទាបស្ទង់ល្បឿននៃការកាត់បន្ថយអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦%ដល់២០៣៥,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៤%ដល់២០៥១,៤ដុល្លារ ក្នុងមួយអោន។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “យើងរំពឹងថា តម្លៃហាងឆេងមាសនឹងងើបឡើងថ្លៃឆាប់ៗនេះ ខណៈទិន្នន័យតម្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងចេញផ្សាយ នៅសប្តាហ៍ក្រោយ អាចក្លាយជាកាតាលីករ”។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០ ដែលមានន័យថាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងយ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានចេញផ្សាយរបាយការណ៍ការងារនេះ អ្នកវិនិយោគសម្លឹងឃើញឱកាសកាន់តែតិចតួចបំផុត ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងពេលឆាប់ៗ ឬខែមីនាខាងមុខ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៩,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១៤ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤ភាគរយ ដល់២២,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦%ដល់៩០២,៣៤ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានងើបឡើង០,១% ដល់៩៤៩,៦៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here