ADB សរសើរគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកស្រីRachel Thompson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។

ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង សួរបានគូសបញ្ជាក់ជូនសមភាគីADB ពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ ឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិ នៃការបណ្តុះបណ្តាលច្បាស់លាស់ ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនោះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគ ដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

លោកស្រីRachel Thompson បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនរួចជាស្រេច ​ក្នុងការបន្តសកម្មភាពជួយជ្រោម​ជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើផែនការអាទិភាពរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here