កម្ពុជារៀបចំសន្និសីទ “ស្វាយចន្ទីរលំដាប់ពិភពលោក” លើកទី១០ ខណៈដំណាំនេះមានផ្ទៃដីដំាដុះ៤៧២,៩៤៦នៅកម្ពុជា

ដោយៈ និស្ស័យ

សៀមរាបៈ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មលបានគូសបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភា​ក្សា​​ចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ៤៧២,៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩,៤១៩តោន។ ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិ បានចំនួនប្រមាណ៦៥៦,០០០តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងរំលឹកពីការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។

វិធានការណ៍ទាំងនោះរួមមាន៖ (១).ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន។

(២).ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វា​យ​ចន្ទីកម្ពុជា (Branding and Marketing) (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយ​ចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី។

ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន បានផ្តល់អនុសាសន៍ ដើម្បីចូលរួម លើកស្ទួយវិស័យសា្វយចន្ទីកម្ពុជាចំនួន ៧ រួមមាន៖ (១).ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និង សម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ ក្នុងគោលដៅជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ “គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧”។

(២).ក្រសួង-ស្ថាប័ន និង វិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និង ចូលរួមអនុវត្តឱ្យបានពេញលេញនូវ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក (៣).ក្រសួងពាណិ​ជ្ជកម្ម និងភាគីពាក់ព័ន្ធត្រូវបន្តរៀបចំ និងចូលរួមព្រឹត្តិការណ៍ធុរកិច្ច និង ជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះ ឱ្យបានញឹកញាប់។

(៤).វិនិយោគិនទាំងក្នុង និងក្រៅប្រទេស គួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ (៥).ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។

(៦). វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និង កិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ និង (៧). ស្នើសុំភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទីនាឱកាសនេះ ជួយផ្សព្វផ្សា​យបន្តអំពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here