NBC សហការជាមួយក្រសួងអប់រំរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី៣

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

សិក្ខាសាលានេះមានការអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានអ្នកចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ដៃគូអភិវឌ្ឍន៍ សមាគមពាក់ព័ន្ធ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយអំពីសមិទ្ធផលនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ នាពេលកន្លងមកជូនភាគីពាក់ព័ន្ធ និងសាធារណជនទូទៅ និងដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់បន្តអនុវត្តគម្រោងដំណាក់កាលទី៣នេះ។

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការងារបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី១ និងដំណាក់កាលទី ២រួចរាល់ហើយ។ ដំណាក់កាលទី១ ផ្តោតលើការងារកំណត់មុខវិជ្ជា ដែលត្រូវបញ្ជ្រាបក្នុងចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។

ចំណែកឯដំណាក់កាលទី២ ផ្តោតលើការងាររៀបចំឯកសារសិក្សាសម្រាប់គ្រូនិងសិស្ស ការងារបណ្តុះបណ្តាលគ្រូបង្គោល និងការងារបង្រៀនសាកល្បងសម្រាប់ថ្នាក់ទី៤ និងទី៧។

ដោយឡែក សម្រាប់ដំណាក់កាលទី៣នេះ ជាការបញ្ជ្រាបចំណេះដឹងផ្នែកហិរញវត្ថុ ទៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ដែលនៅសល់ចំនួន៧ ថ្នាក់ រួមមាន៖ ថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២។ គម្រោងដំណាក់កាលទី៣ មានរយៈពេល៣ឆ្នាំ និងត្រូវរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ ដែលនៅសល់ ដូចជាការបណ្តុះបណ្តាលគ្រូបង្គោល និងការធ្វើតេស្តសាកល្បង នៅតាមសាលារៀនជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here