តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា ចំនួនពលរដ្ឋ ដែលបានមកដាក់ពាក្យសុំជំនួយពីរដ្ឋនៅពេលគ្មានការងារធ្វើ ក្នុងសហរដ្ឋអាមេរិក បានកើនឡើងកាលពីសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៩%ដល់២០៥៤,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,២%ដល់២០៧១,១ដុល្លារ ក្នុងមួយអោន។

នាយកដ្ឋានការងារបានរាយការណ៍ថា ចំនួនពលរដ្ឋអាមេរិក ដែលបានមកដាក់ពាក្យសុំជំនួយពីរដ្ឋ នៅពេលគ្មានការងារធ្វើ បានកើនឡើងដល់២២៤.០០០នាក់កាលពីសប្តាហ៍មុន។ រីឯ របាយការណ៍ដាច់ដោយឡែកមួយទៀត បានបង្ហាញថា ផលិតភាពការងាររបស់កម្មករអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី អ្នកវិភាគរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ក្នុងរយៈពេលខ្លី ខណៈកំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីប្រធានធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះយ៉ាងគំហុក មកនៅត្រឹម១០៣,០២ពិន្ទុនៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,២ភាគរយ ដល់២៣,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៦% ដល់៩១២,៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ១,៣% ដល់៩៦៣,០៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here