តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈពេលដែលប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ថ្លៃចុះបន្ទាប់ពីទិន្នន័យអតិផរណាក្នុងស្រុកបង្ហាញពីសញ្ញាថយចុះគួរឱ្យភ្ញាក់ផ្អើល។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,០៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ បន្ទាប់ពីការស្ទង់មតិជាផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេល៤ខែជាប់ៗគ្នាគិតត្រឹមខែមករានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៧៤ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៤ភាគរយ។

អ្នកវិនិយោគមួយចំនួនកំពុងគិតគូរឡើងវិញថា តើធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់លឿនប៉ុណ្ណានៅក្នុងឆ្នាំ២០២៤នេះ ស្របពេលដែលសហរដ្ឋអាមេរិក សម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៣ភាគរយកាលពីដើមឆ្នាំ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ មកនៅត្រឹម១០៣,៣៦ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែកឯតម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងកាលពីវគ្គមុន ស្របពេលដែលជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកំដៅ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែមីនា បានធ្លាក់ចុះ៣៧សេន មកនៅត្រឹម៨២,៥០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0146 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១៨សេន មកនៅត្រឹម៧៧,៦៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here