តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក(Fed)លើអត្រាការប្រាក់ ក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់២០៣៥,៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,៥%ដល់២០៣៤,២០ដុល្លារ ក្នុងមួយអោន។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានអះអាងថា យើងកំពុងមើលឃើញថា “ហាងឆេងមាសងើបឡើងថ្លៃ ដោយសារតែការរំពឹងទុកចំពោះការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារ Fed នៅថ្ងៃពុធនេះ”។

ចំណែក លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យអ្នកវិនិយោគមានក្តីបារម្ភ ដែលជាហេតុនាំឱ្យតម្រូវការមាសកើនឡើងផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី អ្នកវិភាគរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ក្នុងរយៈពេលខ្លី ខណៈកំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៣ភាគរយកាលពីដើមឆ្នាំ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ មកនៅត្រឹម១០៣,៣៦ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤ភាគរយ ដល់២៣,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៦% ដល់៩២១,៧០ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ០,៦% ដល់៩៧៧,៥១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here