កម្ពុជា -WFPចុះកិច្ចព្រមព្រៀងក្នុងតម្លៃទឹកប្រាក់ជាង៦៣លាន ដុល្លារអាមេរិក

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងតំណាងអង្គការកម្មវិធីស្បៀង អាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP)លោកស្រីClaire Conan បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែន​ការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។​

យោងតាមក្រសួងការបរទេសបានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន ៦៣.៣៧៨.៥០០ ដុល្លារអាមេរិក នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងទាំងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងអោយសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here