ទូតឥណ្ឌូនេស៊ីមានបំណងកៀរគរវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុនវិនិយោគលើវិស័យសំខាន់២របស់កម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានបង្ហាញបំណងចង់នាំវិនិយោគិន ដែលជាម្ចាស់ក្រុមហ៊ុនរបស់រដ្ឋ មកបោះទុនវិនិយោគលើវិស័យឱសថសាស្ត្រ និងកសិកម្មនៅកម្ពុជា នាពេលខាងមុខនេះ បន្ទាប់ពីបានលោកទៅទស្សនានៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត។

នេះបើតាមការឲ្យដឹងរបស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ភាគីទាំងពីរជជែកគ្នា ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងអំពីគម្រោងសំខាន់ដែលភាគីឥណ្ឌូនេស៊ី ចង់ជំរុញផ្នែកពាណិ្ជកម្ម និងលើផលិតផលកសិកម្ម ដែលចង់ធ្វើការវិនិយោគផ្ទាល់ពីឥណ្ឌូនេស៊ីមកកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា នៅពេលដែលលោកបានធ្វើដំណើរ ទៅទស្សនានៅតាមបណ្តាខេត្ត មួយចំនួនរបស់កម្ពុជា គឺលោកអាចធ្វើសហប្រតិបត្តិការ និងទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកកាន់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ជាពិសេសទៅលើផលិតផលកែច្នៃកសិ-ឧស្សាហកម្ម ក៏ដូចជា ស្វែងរកបច្ចេកវិទ្យាថ្មីៗ ពីព្រោះលោកបានយល់ឃើញថា កម្ពុជានៅមានសក្តានុពលច្រើនណាស់។

លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានជម្រាបពីព្រឹត្តការណ៍សំខាន់ៗ ដែលស្ថានទូតឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ ២០២៤នេះ គ្រោងនឹងរៀបចំការតាំងពិព័រណ៍ ផលិតផលផ្នែកសុខភាព ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានជាង១០០ស្តង់។ ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍ ទៅលើពាណិជ្ជកម្មផលិតផលចម្រុះផ្សេងៗទៀតនៅខែបន្តបន្ទាប់ និងនៅខែតុលា នឹងមានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ច ដែលនឹងរៀបចំនៅទីក្រុងហ្សាការតា នៅប្រទេសឥណ្ឌូនេស៊ី។

អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមគាំទ្រទៅលើព្រឹត្តិការណ៍ទាំងអស់នោះ ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានជជែកពិភាក្សាគ្នា កិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងៗទៀតរបស់កម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេស សក្តានុពលពាណិជ្ជកម្ម និងការវិនិយោគនៅតាមបណ្តាខេត្តនីមួយៗរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ទៅទស្សនកិច្ចនៅតាមបណ្តាខេត្តនីមួយៗ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីសក្តានុពល នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលនៅថ្ងៃអនាគតសភាពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី គ្រោងសហការគ្នារៀបចំគម្រោងវេទិកាធុរកិច្ចរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here