តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ចុះថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ដែលបណ្តាលមកពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់តុលាការក្រុងហុងកុង ក្នុងការរំលាយចោលក្រុមហ៊ុនអចលនទ្រព្យ Evergrande និងឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៤០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២២ភាគរយ។

ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពិចារណាចាត់វិធានការឆ្លើយតប ចំពោះការវាយប្រហារ ជាលើកដំបូងមកលើកងកម្លាំងរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើង។

ជាក់ស្តែង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគឦសានប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍ បានសម្លាប់ទាហានអាមេរិក៣នាក់ និងមានទាហានយ៉ាងហោចណាស់ចំនួន៣៤នាក់បានរងរបួស។

ការវាយប្រហារនោះបានធ្វើឱ្យភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែឡើងកំដៅ ហើយនោះក៏ជាមូលហេតុ ដែលធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងខ្ពស់ផងដែរ។

កំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៦,៦ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៣,៤ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងប្រាក់យ៉េនរបស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ មកនៅត្រឹម១៤៧,២៤យ៉េនក្នុងមួយដុល្លារនៅថ្ងៃអង្គារនេះ។

ចំណែក តម្លៃប្រេងបានកើនឡើង ក្នុងការជួញដូរ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ាបានបន្តបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៥សេន ឬ០,៣ភាគរយ ដល់៨២,៦៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0105 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៣១សេន ឬ០,៤ភាគរយ ដល់៧៧,០៩ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here