តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាបានជំរុញតម្រូវការមាស និងខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក(Fed)លើអត្រាការប្រាក់ ក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤%ដល់២០២៥,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,៤%ដូចគ្នាដល់២០២៥,៤ដុល្លារ ក្នុងមួយអោន។

ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពិចារណាចាត់វិធានការឆ្លើយតប ចំពោះការវាយប្រហារ ជាលើកដំបូងមកលើកងកម្លាំងរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើង។

ជាក់ស្តែង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគឦសានប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍ បានសម្លាប់ទាហានអាមេរិក៣នាក់ និងមានទាហានយ៉ាងហោចណាស់ចំនួន៣៤នាក់បានរងរបួស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ការវាយប្រហារនោះបានធ្វើឱ្យភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែឡើងកំដៅ ហើយនោះក៏ជាអ្វីដែលធ្វើឱ្យតម្រូវការមាសកើនឡើងផងដែរ”។

ទោះជាយ៉ាងណាក្តី អ្នកវិភាគរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ក្នុងរយៈពេលខ្លី ខណៈកំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៦,៦ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៣,៤ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងប្រាក់យ៉េនរបស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ មកនៅត្រឹម១៤៧,២៤យ៉េនក្នុងមួយដុល្លារនៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,២ភាគរយ ដល់២៣,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៣% ដល់៩២៥,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង២,១% ដល់៩៧៥,៣៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here