ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ បុននីតិសម្បទា (Rehabilitation) សំដៅដល់យន្តការ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្គ្រោះមិនឱ្យអសាធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។
ក្រុមហ៊ុនឬបុគ្គលបោះផ្សាយ អាចជួបនឹងវិបតិ្តហិរញ្ញវត្ថុ ឬការខាតបង់ ដោយសារតែកត្តាផ្សេងៗ ជាអាទិ៍ សង្គ្រាម គ្រោះធម្មជាតិ ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យក្រុមហ៊ុនក្លាយជាអសាធនីយ។
អសាធនីយ (Insolvent) គឺជាស្ថានភាព ដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល នៅពេលដល់ឥណប្រតិទាន(កាលកំណត់សង)។ ម្ចាស់បំណុល អាចនឹងដាក់ពាក្យបណ្តឹង ដើម្បីបើកសំណុំរឿងក្ស័យធនប្រឆាំងនឹងក្រុមហ៊ុន ឬបុគ្គលបោះផ្សាយជាកូនបំណុល ដែលអលទ្ធភាពសងបំណុល ដើម្បីទាមទារឱ្យតុលាការជម្រះបញ្ជី និងរំលាយក្រុមហ៊ុន។
បុននីតិសម្បទា គឺជាយន្តការស្តារ ឬសង្គ្រោះក្រុមហ៊ុនពីអសាធនីយ ឱ្យក្លាយជាសាធនីយឡើងវិញ ពោលគឺមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទូទាត់បំណុល។
បុននីតិសម្បទា គឺជានីតិវិធីដែលបង្ការក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពីការក្ស័យធន ប៉ុន្តែមិនមានន័យថាបុននីតិសម្បទា អាចសង្គ្រោះក្រុមហ៊ុន ពីការក្ស័យធនគ្រប់ករណីនោះទេ។ ក្នុងករណីខ្លះ ក្រុមហ៊ុន មិនអាចទូទាត់បំណុលបាន មិនមែនដោយសារតែក្រុមហ៊ុនអសាធនីយនោះទេ ប៉ុន្តែអាចបណ្តាលមកពីក្រុមហ៊ុនបង្វិលប្រាក់មិនទាន់ ការយឺតយ៉ាវនៅក្នុងការទូទាត់ប្រាក់ ពីអតិថិជនរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនមានសិទិ្ធលើបំណុលច្រើន ដែលមិនទាន់ដល់ឥណប្រតិទាន ឬក្រុមហ៊ុនមានទ្រព្យសម្បតិ្តច្រើន ដែលមិនងាយនឹងបំលែងជាសាច់ប្រាក់ ក្នុងរយៈពេលខ្លីជាអាទិ៍ ដី អគារ។
ដូចនេះ បុននីតិសម្បទា គឺជាយន្តការដ៏មានប្រសិទ្ធភាព និងតម្លាភាពមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ទទួលបាននូវពេលវេលាបន្ថែម ក្នុងការប្រមូលប្រាក់សម្រាប់ទូទាត់បំណុល ដោយមានការសម្របសម្រួល ជាមួយនឹងម្ចាស់បំណុលទាំងអស់ ក្រោមការដឹកនាំ និងចាត់ចែងជាបណ្តោះអាសន្ន ដោយ “អភិបាលបណ្តោះអាសន្ន”នៅក្នុងអំឡុងពេលបុននីតិសម្បទានេះ។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) អាចប្រកាសបើកនីតិវិធីបុននីតិសម្បទាដោយផ្ទាល់ ឬតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់ អ្នកគ្រប់គ្រង ឬភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចំនួនច្រើន ឬបុគ្គលផ្សេង ទៀត ដូចមានចែងនៅក្នុងលក្ខនិ្តកៈរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ក្នុងករណីដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមាន ឬអាចមានបញ្ហាហិរញ្ញវត្ថុ ដូចជា ទី១ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចស្ថិតក្នុងស្ថានភាព មិនអាចមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌមូលធនអប្បបរមាកំណត់ដោយ ន.ម.ក.។
ទី២ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យឃើញថា ហានិភ័យដែលមានចែង ក្នុងផែនការគ្រប់គ្រងហានិភ័យ ដែលតម្រូវដោយ ន.ម.ក. ឬហានិភ័យផ្សេងទៀតអាចកើតឡើងជាក់ស្តែង ចំពោះក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ឬក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចប្រឈមនឹងហានិភ័យ ដែលបណ្តាលឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវជួបប្រទះ ឬអាចជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុ។
ទី៣ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យ ឃើញថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ អាចនឹងក្លាយជាអសាធនីយ។ និងទី៤ ស្ថានភាពផ្សេងទៀត ដែលកំណត់ដោយ ន.ម.ក.។
អគ្គនាយកនៃ ន.ម.ក. នឹងតែងតាំងអភិបាលបណ្តោះអាសន្ន ដែលបុគ្គលនេះ ត្រូវចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដើម្បីស្តារក្រុមហ៊ុនឡើងវិញ ដោយប្រើប្រាស់សិទិ្ធ និងអនុវត្តកាតព្វកិច្ច ដូចមានកំណត់នៅក្នុងអនុក្រឹត្យស្តីពី “បុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ”។
ក្នុងករណីដែលអភិបាល បណ្តោះអាសន្នវាយតម្លៃជាស្ថាពរ ថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ស្ថិតក្នុងស្ថានភាពអសាធនីយ អគ្គនាយកនៃ ន.ម.ក. សម្រេចឱ្យអភិបាលបណ្តោះអាសន្ន ទូទាត់ ឬផ្ទេរភ្លាមនូវទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ សាធារណៈ ដែលកាន់កាប់ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ប្រសិនបើមានទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈ រួចប្តឹងទៅតុលាការមានសមត្ថកិច្ច ដើម្បីជម្រះបញ្ជី៕