អភិបាលខេត្តរតនគិរីអះអាងថាខេត្តចាប់ផ្តើមទាក់ទាញការវិនិយោគលើវិស័យសំណង់

ដោយៈវណ្ណារ៉ា

រតនៈគីរីៈ អភិបាលខេត្តរតនៈគីរីបានអះអាងថា វិស័យសំណង់នៅក្នុងខេត្ត ជាពិ​សេ​សតំបន់ទីប្រជុំជននៃក្រុង កំពុងមានវឌ្ឍនភាព និងរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមការវិនិយោគពីវិស័យឯកជន។

ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនៈគីរី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងគណៈរដ្ឋមន្ត្រី លោក ថង សាវុន អភិបាលខេត្តរតនៈគីរីបានលើកឡើងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩រហូតមកដល់ពេលនេះ សម្រាប់វិស័យសំណង់នៅក្នុងខេត្ត គឺកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានការវិនិយោគពីសំណាក់រដ្ឋាភិបាល និងវិស័យឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រទេសជាតិ ទទួលបាននូវសុខសន្ដិភាពយ៉ាងពេញលេញ បានជំរុញឱ្យសេដ្ឋកិច្ចខេត្តរតនៈគីរី មានភាពល្អប្រសើរជាបន្តបន្ទាប់”។លោកបន្តថា “ខេត្តទទួលបានកំណើនក្រុមហ៊ុនឯកជន ចូលមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់”។

ខេត្តរតនៈគីរី បានទាក់ទាញក្រុមហ៊ុនតូច ធំ ឱ្យចូលមកវិនិយោគនៅក្នុងខេត្តសរុបចំនួន២៣០ទីតាំង ទៅលើវិស័យឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មផ្សេងៗ។ ក្រៅពីនេះ ក៏មានការវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ ដូចជាសំណង់លំនៅដ្ឋាន សំណង់អគារដែលបម្រើឱ្យវិស័យសេវាកម្ម និងទេសចរណ៍ផងដែរ។

ភ្ជាប់ជាមួយនឹងការអភិវឌ្ឍ និងរីកចម្រើននៃវិស័យសំណង់ អាជ្ញាធរខេត្ត តាមរយៈមន្ទីរដែនដី ជាសេនាធិការឱ្យរដ្ឋបាលខេត្ត និងក្រសួងបានយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រួតពិនិត្យការដ្ឋានសំណង់ ការសាងសង់ ក្នុងគោលបំណងធានាបាននូវសុវត្ថិភាព បរិស្ថាន ព្រមទាំងរចនាបថ គុណភាពសំណង់ និងសោភ័ណភាព។

ផ្អែកតាមរបាយការណ៍ដែលចេញ ដោយមន្ទីរដែនដីខេត្តរតនៈគីរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានបង្ហាញថា មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ និងសុរិ​យោដី បានបែងចែកក្រុមការងារជា៣ក្រុម ដើម្បីចុះវាស់វែងកំណត់ក្បាលដី រៀបចំចុះបញ្ជី និងបានចេញវិញ្ញាបនបត្រចំនួន៦ភូមិ ស្មើនឹង៣៥៧២បណ្ណ ប្រកាសតំបន់វិនិច្ឆ័យ​ចំនួន៩ភូមិ ចែកវិញ្ញាបនបត្របានចំនួន១៩៣០បណ្ណ ធ្វើការវាស់វែង និងកំណត់ព្រំបានចំនួន៦៣៣២ក្បាលដី បញ្ចប់ការបិទផ្សាយជាសាធារណៈបានចំនួន៨ភូមិ និងប្រមូលទិន្នន័យបានចំនួន ៥៨៧៨ក្បាលដី។

ដោយឡែកការចុះបញ្ជីក្រុមហ៊ុនវិនិយោគ ជាលក្ខណៈឯកជនរបស់រដ្ឋសម្រេចបាន ១៩ក្រុមហ៊ុន ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន១៧សហគមន៍ ហើយបច្ចុប្បន្នខេត្ត បានកសាងប្លង់គោលប្រើប្រាស់ដីបាន១ក្រុង។ នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានករណីបណ្ដឹងពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីចំនួន៤៦ករណី និងបានសម្របសម្រួលបញ្ចប់បានចំនួន ៣០ករណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here