NBCមិនអនុញ្ញាត្តឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាបើកប្រតិបត្តិការទាក់ទងនឹងលុយអេឡិកត្រូនិកCrypto

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) មិនអនុញ្ញាត្តឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនានាធ្វើការជួញដូរ រូបិយប័ណ្ណអេឡិកត្រូនិក(Crypto) នៅឡើយទេ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីជា សិរីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹង គ្រីបតូ ឡើយ ដើម្បីទប់ស្កាត់ហានិភ័យ ដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបញ្ជាក់ថា “ទ្រព្យសកម្មគ្រីបតូ គឺជាទ្រព្យសកម្មឌីជីថល ដែលមិនមានប្រភពច្បាស់លាស់ និងមានហានិភ័យខ្ពស់ ហើយធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធ នឹងគ្រីបតូឡើយ”។ លោកស្រីបន្តថា “ការហាមឃាត់នេះ ធ្វើឡើងដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ”។លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ប្លុកឆេន គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលយើងអាចប្រើប្រាស់ សម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ ឲ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃទាប ដូចជាប្រព័ន្ធបាគង ដែលបានក្លាយជាប្រព័ន្ធទូទាត់កន្លោង សម្រាប់សម្រួ​លដល់ការទូទាត់ អន្តរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការទូទាត់ឆ្លងប្រទេសផងដែរ។

ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជា បាននិងកំពុងចាប់យកកាលានុវត្តភាព និងទាញយកសក្តានុពល ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឲ្យការទូទាត់ កាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញអន្តរប្រតិបត្តិការ និងការតភ្ជាប់នៃប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក សំដៅរួមចំណែកក្នុងការជំរុញ សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វរប្រាក់ពីក្រៅប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីបណ្ឌិត ជា សិរី។

លោកស្រីបន្តថា ជាមួយនឹងនវានុវត្តន៍ នៃប្រព័ន្ធទូទាត់អេឡិចត្រូនិក យើងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពបច្ចេកវិទ្យា និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីធានាដំណើរការដោយពិលាស នៃសេវាហិរញ្ញវត្ថុឌីជីថល ពង្រឹងជំនឿទុកចិត្តរបស់សាធា​រណជន និងរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here