អ្នកជំនាញបង្ហាញពីសុទិដ្ឋិនិយមពីកំណើននៃការលក់ យានយន្តនៅឆ្នាំនេះ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) លោកសឿន ដារ៉ា បានបង្ហាញសុទិដ្ឋិនិយមថា ការលក់រថយន្តក្នុងឆ្នាំ២០២៤នេះ នឹងមានការកើនឡើងរង្វង់ប្រមាណ១៥% ដោយសារតែតម្រូវការ និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋ។

លោក សឿន ដារ៉ា បានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មានសុទិដ្ឋិនិយមសម្រាប់ការលក់រថយន្ត ក្នុងឆ្នាំ២០២៤ ដោយយើងព្យាករណ៍ថា ការលក់អាចនឹងកើនឡើងប្រមាណរង្វង់១៥% បើធៀបជាមួយឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការកើនឡើងនេះ ដោយសារតែតម្រូវការ នៃការប្រើប្រាស់រថយន្ត របស់ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ បូកផ្សំនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជារឹងមាំ និងនៅមានសន្ទុះខ្ពស់ ហេតុនេះ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ព្យាករណ៍ថា នឹងកើនឡើង ក្នុងឆ្នាំ២០២៤។

លោកសឿន ដារ៉ាបានឲ្យដឹងទៀតថា ប្រសិនបើសេដ្ឋកិច្ចសកល កាន់តែល្អប្រសើរនោះ កំណើននៃការលក់រថយន្ត នឹងលើសការព្យាករទុក។ សម្រាប់ឆ្នាំ២០២៤ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ព្យាករណ៍ថា រថយន្តថ្មីនឹងមានសន្ទុះកើនឡើងខ្ពស់ ខណៈរថយន្តជជុះ នឹងមានកំណើនតិចតួច គឺដោយសារ ទី១ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់យល់ដឹង ពីអត្ថប្រយោជន៍របស់រថយន្តថ្មី គឺបន្ទាប់ពីទិញរថយន្តថ្មី ហើយមិនបារម្ភថារថយន្តមានបញ្ហា និងពុំមានការជួសជុលក្នុងរយៈពេល៥ឆ្នាំដំបូង។

ទី២ សម្រាប់តំលៃក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ទី៣ គុណភាពធានាពីរោងចក្រជាមធ្យម៥ឆ្នាំ ទី៤ ជាមួយសេវាថែទាំ ក៏ដូចជាសេវាជួសជុល គ្រឿងបន្លាស់សុទ្ធពីរោងចក្រ ទី៥ បច្ចុប្បន្នរថយន្តមួយចំនួនបានតំឡើងក្នុងស្រុក ហើយតម្លៃក៏ល្អប្រសើរជាងមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here