មន្រ្តីជាន់ខ្ពស់ៈ Angkor Ultra Trail ព្រឹត្តិការណ៍រត់ប្រណាំង ផ្សារភ្ជាប់បេតិកភ័ណ្ឌ

        ដោយៈ គង់ សូរិយា

        សៀមរាបៈ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រំពឹងទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail” លើកទី៨ នឹងមានអ្នកចុះឈ្មោះចូលរួមកាន់តែច្រើន។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជយលាភី ដល់កីឡាករ-កីឡាការិនី នៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ ឆ្នាំ២០២៤ នៅព្រលប់ថ្ងៃទី២៧ ខែមករានេះ បន្ទាប់ពីចេញដំណើរវិញ្ញាសារត់ចម្ងាយឆ្ងាយ១០០គីឡូម៉ែត្រ តាំងពីម៉ោង៤ទាបភ្លឺថ្ងៃសៅរ៍នេះ នៅព្រះលានជល់ដំរី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ ក៏មានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា និងលោកវ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ផងដែរ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៧ឆ្នាំ២០២៤នេះ គឺជាជោគ​ជ័យនៃកិច្ចសហការ រួមគ្នារវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដោយទទួលបានអ្នកចុះឈ្មោះចូលរួមសរុបចំនួន១,៥០០នាក់ មកពី៥១ប្រទេស កើនឡើង២៥% បើធៀបនឹងកាលពីឆ្នាំ២០២៣ ស្របពេលព្រឹត្តិការណ៍ Angkor Ultra Trail លើកទី១ កាលពីឆ្នាំ២០១៦ មានអ្នកចូលរួមសរុបត្រឹមតែ២៣២នាក់ ក្នុងនោះមានអត្តពលិកកម្ពុជា ចូលរួមត្រឹម២០នាក់ប៉ុណ្ណោះ។

លោកបន្ដថា Angkor Ultra Trail រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍កីឡា ទេសចរណ៍បែបផ្សងព្រេងដ៏កម្រ និងអស្ចារ្យបំផុតនេះ ព្រោះអ្នកចូលរួមត្រូវរត់ទាំងយប់-ថ្ងៃ រត់កាត់តាម ព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក។

ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ Angkor Ultra Trail នេះក៏បានបង្ហាញយ៉ាងច្បាស់ ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ និងពិភពលោកថា កម្ពុជាពោរពេញទៅដោយសុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រងទាំងធម្មជាតិ និងប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍតំបន់ ដែលជាសម្បត្តិបេតិ​កភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោកមួយនេះ ដោយបានដាក់ចេញនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០២៣៥ ក្នុងទិសដៅធ្វើការអភិវឌ្ឍតំបន់ប្រាសាទអង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរបេតិកភណ្ឌ ដ៏ល្បីល្បាញមួយនេះ ប្រកបដោយនិរន្ដរភាពក្នុងស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស” ជាអាទិ៍ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់អង្គរ ការដាក់ចេញនូវបទបញ្ញា និងគោលការណ៍នានា ក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំ ការបង្កើត “ក្រុងរុនតាឯកតេជោសែន” និងការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗនៅតំបន់នោះ ដើម្បីជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់ឧទ្យានអង្គរ ។

ទី២ -ការសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ទី៣-ការអភិវឌ្ឍទីក្រុងបេតិកភណ្ឌសៀមរាប អង្គរ ឲ្យក្លាយជាទីក្រុងឆ្លាតៃ “Smart City” ។ ទី៤-ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ដែលផ្ដល់ភាពងាយស្រួល ដល់ការធ្វើដំណើរតាមជើងហោះហើរ ត្រង់ផ្លូវឆ្ងាយមកកាន់ទឹកដីសៀមរាបអង្គរ និងការសិក្សាគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មីទៅកាន់ក្រុងសៀមរាប ។

ទី៥- ការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការអនុវត្តន៍គម្រោងផ្សេងទៀត ឆ្លើយតបនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here