តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ដែលជំរុញដោយការជួញដូរផ្សារហ៊ុនរបស់ប្រទេសចិន បន្ទាប់ពីក្រុមនិយតករចិនបានចាត់វិធានការថ្មីកាលពីចុងសប្តាហ៍ ដើម្បីគាំទ្រដល់ទីផ្សារ។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៤៨ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,១៤ភាគរយនៅពេលបើក។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,២២ភាគរយ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាកំពុងមានការធ្លាក់ចុះ។

សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៦ភាគរយកាលពីចុងខែធ្នូ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ០,០១ភាគរយ ដល់១០៣,៥៥ពិន្ទុនៅថ្ងៃច័ន្ទនេះ។

ចំណែក តម្លៃប្រេងបានកើនឡើង១ភាគរយនៅថ្ងៃច័ន្ទនេះ ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ បន្ទាប់ពីកាំជ្រួចមួយបានវាយប្រហារលើនាវាដឹកប្រេងដែលដំណើរការដោយក្រុមហ៊ុន Trafigura នៅសមុទ្រក្រហម។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨៣សេនដល់៨៤,៣៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 2341 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៧៨សេនដល់៧៨,៧៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here