ប្រទេសចិនគ្រោងចាក់បញ្ចូលសាច់ប្រាក់ចំនួន១៤០ពាន់លានដុល្លារចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ

ប៉េកាំង: ធនាគារកណ្តាលចិន គ្រោងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារនានាត្រូវរក្សាទុក ជាទុនបម្រុងចាប់ពីថ្ងៃទី៥ ខែកុម្ភៈ  ខណៈមន្ត្រីបង្កើតគោលនយោបាយចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន (PBOC)  បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា ធនាគារកណ្តាលនឹងកាត់បន្ថយ សមាមាត្រតម្រូវការទុនបម្រុង (RRR) សម្រាប់ធនាគារទាំងអស់ចំនួន៥០ពិន្ទុមូលដ្ឋាន ដើម្បីបញ្ចូលសាច់ប្រាក់ ងាយស្រួលចំនួន១៤០ពាន់លានដុល្លារ ចូលទៅកាន់សេដ្ឋកិច្ច។

លើសពីនេះ ការប្រកាសខាងលើ គឺជាការកាត់បន្ថយសមាមាត្រទុនបម្រុងដ៏ធំបំផុត ដែលមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ និងលើសពីការរំពឹងទុករបស់អ្នកវិភាគទៅទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit លើកឡើងថា ការកាត់បន្ថយសមាមាត្រRRR គឺជាសញ្ញាមួយដែលបង្ហាញថា ធនាគារកណ្តាលចិន (PBOC) នឹងប្រកាន់ខ្ជាប់នូវគោលជំហររូបិយវត្ថុ ដែលធូររលុងពេញមួយឆ្នាំ២០២៤នេះ។

លោក Xu បន្តថា វាក៏ជាសញ្ញាមួយដែលបង្ហាញថា អ្នកបង្កើតគោលនយោបាយ មានបំណងធានាឱ្យបាននូវការចាប់ផ្តើមដ៏ល្អមួយសម្រាប់សេដ្ឋកិច្ច ដោយការគាំទ្រគោលនយោបាយ។

ផែនការ​កាត់​បន្ថយ​នៅខែកុម្ភៈបានប្រកាសឡើង​ បន្ទាប់​ពី​ធនា​គារកណ្តាលចិន បានកាត់​បន្ថយ​សមាមាត្រទុនបម្រុង ចំនួន២៥ពិន្ទុមូលដ្ឋាន សម្រាប់​ធនាគារ​ទាំង​អស់​កាលពីខែ​មីនា និង​ខែ​កញ្ញា​ឆ្នាំ​មុន។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានលើកឡើងថា ធនាគារកណ្តាលចិនប្រឈមនឹងបញ្ហា ខណៈឥណទានកាន់តែច្រើនកំពុងហូរទៅកាន់ កម្លាំងផលិតភាពជាជាងការប្រើប្រាស់ ដែលអាចបន្ថែមសម្ពាធបរិត្តផរណា និងកាត់បន្ថយប្រសិទ្ធភាព នៃឧបករណ៍គោលនយោបាយរូបិយវត្ថុរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here