តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដើម្បីវាស់ស្ទង់ទស្សនវិស័យសម្រាប់អត្រាការប្រាក់។

ជាក់ស្តែង ទីផ្សារកំពុងរង់ចាំតាមដានមើលទិន្នន័យសន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,១១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៤១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,២៤ភាគរយ។

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ដែលជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ ដោយកំណើនពេញមួយឆ្នាំ២០២៣ ស្ថិតក្នុងរង្វង់២,៥% ។  របាយការណ៍ក៏បានបង្ហាញថា សម្ពាធអតិផរណានៅត្រីមាសទី៤ធ្លាក់ចុះផងដែរ។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាហាក់មានការធ្លាក់ចុះ។

សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៥,៦ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់១០៣,៥២ពិន្ទុ។ ចំណែក ផលប័ត្ររតនាគារគោលរយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ មកនៅត្រឹម៤,១១ភាគរយនៅព្រឹកថ្ងៃសុក្រនេះ។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ ពី បាន កើនឡើងប្រហែល៣ភាគរយ ក្នុង វគ្គ មុន ខណៈ ភាព តានតឹង នៅ សមុទ្រ ក្រហម បាន បន្ត បង្ក ការ គំរាម កំហែង ដល់ ពាណិជ្ជកម្ម ពិភពលោក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣២សេន ឬ០,៣៩ភាគរយ មកនៅត្រឹម៨២,១២ដុល្លារក្នុងមួយបារ៉ែល។ រីឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤១សេន ឬ០,៥ភាគរយ មកនៅត្រឹម៧៦,៩៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here