តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈផលប័ត្ររតនាគារធ្លាក់ថ្លៃចុះ បន្ទាប់ពីទិន្នន័យ GDP របស់សហរដ្ឋអាមេរិកបានផ្តល់សញ្ញាថា ល្បឿននៃអតិផរណាបានថយចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់២០១៥,៥៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,១%ដល់២០១៧,៨ដុល្លារ ក្នុងមួយអោន។

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ដែលជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ ដោយកំណើនពេញមួយឆ្នាំ២០២៣ ស្ថិតក្នុងរង្វង់២,៥% ។ របាយការណ៍ក៏បានបង្ហាញថា សម្ពាធអតិផរណានៅត្រីមាសទី៤ធ្លាក់ចុះផងដែរ។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាហាក់មានការធ្លាក់ចុះ។

សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៧៥,៦ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់១០៣,៥២ពិន្ទុ។ ចំណែក ផលប័ត្ររតនាគារគោលរយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ មកនៅត្រឹម៤,១១ភាគរយនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧ភាគរយ ដល់២២,៨១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,២% ដល់៨៨៨,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ២,៥% ដល់៩៣៨,៣៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here