ធនាគារហត្ថានឹងផ្តោតលើការផ្តល់ឥណទានសម្រាប់វិស័យ កសិកម្មជាអាទិភាពនៅឆ្នាំនេះ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុង បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០២៤នេះ ធនាគារហត្ថា នឹងផ្តោតលើការផ្តល់ឥណទាន សម្រាប់វិស័យកសិកម្មជាអាទិភាព វិស័យSME និងវិស័យដទៃទៀតផងដែរ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី២៥ មករានេះថា នៅកម្ពុជាមានវិស័យ និងអនុវិស័យចំនួន៤ ទៅ៥ ដែលជាកំលាំងចលករ ជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យមួយចំនួនបានរងផលប៉ះពាល់ ប៉ុន្តែវិស័យកសិកម្ម និងកសិឧស្សាហកម្មកំពុងមានស្ថេរភាព និងការរីកចម្រើន ដែលទាមទារឲ្យមានលំហូរសាច់ប្រាក់ក្នុងវិស័យនេះច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបញ្ជាក់ថា “ទោះបីជាយើងផ្តោតអាទិភាព លើវិស័យកសិកម្ម ប៉ុន្តែមិនមែនមានន័យថា យើងបោះបង់វិស័យដទៃទៀតឡើយ គឺធនាគារហត្ថា នឹងនៅតែបន្តគាំទ្រវិស័យដទៃទៀត និងអតិថិជនរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តឲ្យដឹងទៀតថា នៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់នៅឡើយ ពីវិបត្តិកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងបញ្ហាភូមិសាស្រ្តនយោបាយជាដើម។

លោកបន្តថា ហេតុនេះ អ្នកខ្ចីឥណទាន សម្រាប់ធ្វើប្រាស់ក្នុងអាជីវកម្ម ឬចាប់ផ្តើមអាជីវកម្មអ្វីមួយ ត្រូវពិចារណា និងធ្វើផែនការអាជីវកម្មរបស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងខ្ចីឥណទានយកទៅប្រើប្រាស់ ត្បិតលំហូរសាច់ប្រាក់ក្នុងអាជីវកម្មនានា នៅឆ្នាំ២០២៤នេះ នៅមិនទាន់មានភាពប្រសើរខ្លាំងនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here