អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ជាង៣៦០០លានដុល្លារ

ដោយៈ និស្ស័យ

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណ៣៦១២.១២លានដុល្លារ ស្មើនឹង១០១.១៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើនឡើង៤.៤៩% បើធៀបនឹងឆ្នាំ២០២២។

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រយៈពេល១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញមានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

ឆ្នាំ២០២៣ ជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរ​គរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។

ជារួមអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here