តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈវិនិយោគិនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតនៃផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន និងរង់ចាំលទ្ធផលពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប។

ជាមួយគ្នានេះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចអាមេរិកក្នុងត្រីមាសទី៤ ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលនឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦ភាគរយនៅពេលបើក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ១,៥ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤ភាគរយ។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ទិន្នន័យ សេដ្ឋកិច្ច របស់ សហរដ្ឋ អាមេរិក មានភាពល្អ ប្រសើរ ជាង មុននាពេលថ្មីៗនេះ ដែល បង្ហាញ ថា ធនាគារ Fed អាច នឹង ពន្យារពេលយូរ ទៅទៀត លើ ការ បញ្ចុះ អត្រា ការ ប្រាក់”។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាហាក់មានការធ្លាក់ចុះ។សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៨ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦សប្តាហ៍គឺ១០៣,៣៣ពិន្ទុ។

ចំណែក តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រឹកព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent ក្នុងកិច្ចសន្យាចែកចាយនៅខែមីនា បានកើនឡើង២០សេន ឬ០,៣ភាគរយដល់៨០,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0128 GMT ។

រីឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង២២សេន ឬ០,៣ភាគរយ ដល់៧៥,៣១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here