តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ ស្របពេលដែលទីផ្សារ និងអ្នកវិនិយោគ បានបន្ទាបទស្សនវិស័យលើការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៧% មកនៅត្រឹម២០១៤,៥៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៥%ដល់២.០១៦ដុល្លារ ក្នុងមួយអោន។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Kitco Metals បានលើកឡើង កាលពីពេលថ្មីៗនេះថា “ការហក់ឡើងថ្លៃយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិក កំពុងតែដាក់សម្ពាធទៅលើទីផ្សារមាស”។

លោកបន្ថែមថា “ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានភាពល្អប្រសើរជាងមុននាពេលថ្មីៗនេះ ដែលបង្ហាញ ថា ធនាគារ Fed អាច នឹង ពន្យារពេលយូរ ទៅទៀត លើ ការ បញ្ចុះ អត្រា ការ ប្រាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាហាក់មានការធ្លាក់ចុះ។

សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៨ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦សប្តាហ៍គឺ១០៣,៣៣ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,២ភាគរយ ដល់២២,៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៣% ដល់៩០២,១៨ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង១,៦៥% ដល់៩៦៣,៥៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here