តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ  ខណៈដែលធនាគារកណ្តាលជប៉ុន(BOJ) បានរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងរង្វង់ -០,១ភាគរយ។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៤ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣ភាគរយ។

ជាមួយគ្នានេះ អ្នកវិនិយោគកំពុងរង់ចាំមើលសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ សេដ្ឋកិច្ចអាមេរិកក្នុងត្រីមាសទី៤ ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលនឹងចេញផ្សាយនៅថ្ងៃសុក្រ សប្តាហ៍នេះ។

កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

តួយ៉ាង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនា បើធៀបនឹងឱកាស៧១ភាគរយកាលពី២សប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០៣,៤៨ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែក តម្លៃប្រេងមានការកើនឡើងតិចតួច ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារការថយចុះនៃតម្រូវការ និងការងើបឡើងវិញនៃការផ្គត់ផ្គង់ប្រេង បានធ្វើឱ្យប្រតិកម្មរបស់ទីផ្សារចំពោះហានិភ័យភូមិសាស្ត្រនយោបាយនៅមានកម្រិត។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥សេនដល់៧៩,៦០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0138 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៧សេនដល់៧៤,៤៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here