CGCCបានក្លាយជាស្ថាប័នធានាសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា

ដោយៈ គង់​ ម៉ាលីនណា

        ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​(CGCC) ​ត្រូវបាន​ទទួលស្គាល់ ​ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ជា​ស្ថាប័ន​ធា​នា​សញ្ញា​បណ្ណ​ដំបូង​គេ​នៅ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​ពួកគេ​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បោះផ្សាយ​មូល​ប​ត្រ​បំណុល ដើម្បី​បង្កើន​សន្ធ​នី​យ​ភាព​ប្រាក់​រៀល​​នៅលើ​ទីផ្សារ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណាត់ថ្នាក់​ឥណទាន​នៃ​សញ្ញា​បណ្ណ​សាជីវកម្ម​។​

CGCC ក៏ត្រូវ​បានទទួល​ចំណាត់ថ្នាក់​ khAAAby​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​កម្ពុជា (RAC) និងRAC គឺជា​ភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់​ឥណទាន​មួយ ដែល​បានទទួល​ស្គាល់​ ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ។​

​លោក Wong KeetLoong ​អគ្គនាយក CGCC បានឱ្យដឹងថា ជាមួយនឹង​ចំណាត់ថ្នាក់​នេះ វា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​លោក​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​រក​មូលនិធិ​បន្ថែម តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “​ការផ្ដល់​ចំណាត់ថ្នាក់​នេះ ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ក្នុង​ការជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ធំៗ ដែល​អាច​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ ដែលជា​ប្រភព​ទុន​ សម្រាប់​ផ្តល់​មូលនិធិ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​”។ លោកបន្ថែមថា “CGCC បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​ទំនុកចិត្ត និង​ការជឿជាក់​បន្ថែមទៀត​ដល់​ដៃគូ​របស់​យើង​”។​

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក SERC បានឱ្យដឹងថា ជាមួយនឹង​ការផ្ដល់​ចំណាត់ថ្នាក់​នេះ ​CGCC អាច​ចូលរួមចំណែក​ជួយ​ដល់​ក្រុមហ៊ុន​ផ្សេងទៀត ​ក្នុង​ការចេញ​មូល​ប​ត្រ​បំណុល​នៅលើ​ទីផ្សារ​ភាគហ៊ុន​។

លោក​បញ្ជាក់ថា “ស្ថាប័នCGCC គឺជា​ក្រុមហ៊ុន​ធានា​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហើយ​ការផ្ដល់​ចំណាត់ថ្នាក់​ខ្លួន បង្ហាញ​ពី​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​មួយ​នេះ​។ លើសពីនេះ ការផ្ដល់​ចំណាត់ថ្នាក់​របស់ CGCC បង្ហាញ និង​ចាប់ផ្តើម​វប្បធម៌​នៃ​ការផ្ដល់​ចំណាត់ថ្នាក់ ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​សាធារណ​ជន ហើយ​វា​ក៏​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​របស់​ក្រុមហ៊ុន​ ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល​របស់​យើង​ផងដែរ​​។

CGCC បាន​បង្កើត “​ក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពី​ ការធានា​មូល​ប​ត្រ​បំណុល​” ហើយ​បានទទួល​ការយល់ព្រម ​ពី​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០២៣​។ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) បានចេញ​លិខិត​ទទួលស្គាល់​មួយ​ដល់​ CGCC​ ជា​ក្រុមហ៊ុន​ធានា​ សម្រាប់​ការចេញ​មូល​ប​ត្រ​បំណុល ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន ​ក្នុងស្រុក​ដែល​ប្រមូល​មូលនិធិ និង​ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​​។​

CGCC ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ​ ១៤០/​អនក្រ​/​បក ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ផែន​ការធានា​ការ​ស្ទុះ​ងើបឡើង​របស់​អាជីវកម្ម​(BRGS) ដែលមាន​ទឹកប្រាក់​ចំនួន២០០​ លាន​ដុល្លារ​របស់ខ្លួន បានចាប់ផ្តើម​ដំណើរការ​ កាល​ពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ពង្រីក​លទ្ធភាព​ ទទួលបាន​ប្រាក់កម្ចី​ជា​ផ្លូវការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​​ចូលរួម (PFI) សម្រាប់​ទុន​បង្វិល ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម​។​

យោងតាមទិន្នន័យ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែធ្នូ CGCC មាន​ប្រាក់កម្ចី​សរុប​មាន​ចំនួន១១៣,៩៦ ​លាន​ដុល្លារ ជាមួយនឹង​កម្ចី​មិន​ដំណើរការ (NPL) មាន​ចំនួន​ប្រមាណ៥,៤១​ភាគរយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here