អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតា វិញក្នុងឆ្នាំនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អត្រាអតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញ សម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ ទៅរកប្រក្រតីភាពនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិ​ញផ្សេងៗទៀត។

នេះបើយោងតាមរបាយការណ៍ស្តីពី ក្របខណ្ឌនៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានបញ្ជាក់ដូច្នេះថា អត្រាអតិផរណាត្រូវបានរំពឹងថា នឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញ ក្នុងអត្រា២,៥% ដូចគ្នា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាព នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ អត្រាប្ដូរប្រាក់ត្រូវបានរំពឹងថា នឹងស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបាន ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការអន្តរា​គមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

យ៉ាងណាមិញ ហានិភ័យដែលបង្កឡើង ដោយភាពមិនប្រាកដប្រជាមួយចំនួន ដូចជា ភាពកាន់តែតានតឹងនៃភូមិសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ អាចធ្វើឱ្យអត្រាអតិផរណា មានការហក់ឡើងមកវិញ ដែលស្តែងចេញពីកត្តាផ្គត់ផ្គង់។

យោងតាមធនាគារជាតិនៃកម្ពុជា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់ មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញនិងសេវានានានឹងអាចកើនឡើងភ្លាម។

ដូចនេះ ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ នៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅមកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្ន ថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្ត របស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here