តម្លៃប្រេងធ្លាក់ថ្លៃចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន(BOJ)។

ធនាគារកណ្តាលជប៉ុនត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល ក្នុងរង្វង់ -០,១ភាគរយ ទោះបីជាអតិផរណានៅក្នុងប្រទេសនេះបានកើនលើសពីគោលដៅ២% របស់ធនាគារកណ្តាល អស់រយៈពេលជិតពីរឆ្នាំកន្លងមកយ៉ាងណាក្តី។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣៤ឆ្នាំ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃវិញ០,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Kitco Metals បានលើកឡើង កាលពីពេលថ្មីៗនេះថា “ការហក់ឡើងថ្លៃយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិក កំពុងតែដាក់សម្ពាធទៅលើទីផ្សារមាស”។

លោកបន្ថែមថា “ទិន្នន័យ សេដ្ឋកិច្ច របស់ សហរដ្ឋ អាមេរិក មានភាពល្អ ប្រសើរ ជាង មុននាពេលថ្មីៗនេះ ដែល បង្ហាញ ថា ធនាគារ Fed អាច នឹង ពន្យារពេលយូរ ទៅទៀត លើ ការ បញ្ចុះ អត្រា ការ ប្រាក់”។

ចំណែក កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤១,៦ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១ខែ គឺ១០៣,៣៦ពិន្ទុ។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈក្តីបារម្ភលើទស្សនវិស័យតម្រូវការប្រេងសកល បានប៉ះប៉ូវភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងប៉ះប៉ូវការព្រួយបារម្ភអំពីការផ្គត់ផ្គង់ បន្ទាប់ពីមានការវាយប្រហារលើស្ថានីយនាំចេញឥន្ធនៈរបស់រុស្ស៊ីកាលពីចុងសប្តាហ៍។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៤សេន ឬ០,២ភាគរយ មកនៅត្រឹម៧៩,៩២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0125 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១០សេន ឬ០,១ភាគរយមកនៅត្រឹម៧៤,៦៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here