តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ស្របពេលដែលទីផ្សារ និងអ្នកវិនិយោគ បានបន្ទាបទស្សនវិស័យលើការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥% មកនៅត្រឹម២០២០,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៣%ដល់២០២២,២ដុល្លារ ក្នុងមួយអោន។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Kitco Metals បានលើកឡើង កាលពីពេលថ្មីៗនេះថា “ការហក់ឡើងថ្លៃយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិក កំពុងតែដាក់សម្ពាធទៅលើទីផ្សារមាស”។

លោកបន្ថែមថា “ទិន្នន័យ សេដ្ឋកិច្ច របស់ សហរដ្ឋ អាមេរិក មានភាពល្អ ប្រសើរ ជាង មុននាពេលថ្មីៗនេះ ដែល បង្ហាញ ថា ធនាគារ Fed អាច នឹង ពន្យារពេលយូរ ទៅទៀត លើ ការ បញ្ចុះ អត្រា ការ ប្រាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤១,៦ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១ខែ គឺ១០៣,៣៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,១ភាគរយ ដល់២២,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧% ដល់៨៩២,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ១% ដល់៩៣៦,៦៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here